លោក ពណ្ណ រាយ ១១ មីនា ឆ្នាំ២០១៧
សាលារាជធានីភ្នំពេញ គម្រោងកាត់ផ្ទៃដីបឹងកប់ស្រូវប្រមាណ២.០០០ហិកតាបន្ថែមទៀត ដើម្បីធ្វើអាងប្រព្រឹត្តកម្មទឹក បន្ទាប់ពីអាងប្រព្រឹត្តកម្មទី១។
បឹងកប់ស្រូវ ឬ បឹងតាមោក មានទំហំសរុប៣.២៥០ហិកតា គឺជាអាងស្តុកទឹកដ៏សំខាន់មួយ ដើម្បីរំដោះទឹកចេញពីទីក្រុងភ្នំពេញនៅភាគខាងជើង និងខាងលិច។ នៅជុំវិញ បឹងនេះមានចំនួន១៩ភូមិ នៃខណ្ឌសែន សុខ និងខណ្ឌព្រែកព្នៅ។
សាលារាជធានីភ្នំពេញ កាលពីឆ្នាំ២០១៥ បានកំណត់ផ្ទៃបឹងតាមោកទំហំ២.០០០ហិកតា ដើម្បីអភិរក្សទុកធ្វើអាងប្រព្រឹត្តកម្មធម្មជាតិ និងស្វ័យប្រវត្តិដោយផ្ទៃបឹង និងផ្ទៃបឹងទំហំ៥០០ហិកតា បានសិក្សាជាទំនប់ទី១ នៃអាងប្រព្រឹត្តិកម្មទឹកស្អុយ។
លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ បាននិយាយថា អាជ្ញាធរកំពុងសិក្សាគម្រោងប្លង់ស្ថាបនាផ្លូវទំនប់ថ្មី និងអាងប្រព្រឹត្តិកម្មធម្មជាតិ និងស្វ័យប្រវត្តិទឹកសំអុយនៅបឹងនេះ ដើម្បីបញ្ជៀសផលប៉ះពាល់នានា ទៅលើគុណភាពទឹកបឹង សម្រាប់ការពារបរិស្ថានទាំងបច្ចុប្បន្ន និងអនាគត។ ពិសេស ដើម្បីងាយស្រួលគ្រប់គ្រង និងទប់ស្តាត់ការរំលោភទន្ទ្រានកាន់កាប ពីជនខិលខូចមួយចំនួន។
កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹងកប់ស្រូវ ទំហំ៣.២៣៩ហិកតា ដែលគ្របដណ្តប់បឹង និងដីជុំវិញ ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាមច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ មិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេ ក្រៅពីរដ្ឋ។
សមាគមធាងត្នោត ដែលបានចុះទៅប្រមូលព័ត៌មានដោយធ្វើការសម្ភាសន៍ជាមួយប្រធានភូមិទាំង១៩ភូមិ ព្រមទាំងសមាជិកសហគមន៍នីមួយៗនៅក្នុងតំបន់នោះ បានបង្ហាញថាប្រជាពលរដ្ឋជិត៣៣២គ្រួសារ នឹងរងផលប៉ះពាល់ពីសេចក្តីសម្រេចនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ ប្រជាពលរដ្ឋជិតចំនួន១៤៧គ្រួសារ ប៉ះពាល់លំនៅដ្ឋាន និងដីស្រែ ហើយប្រហែល១៨៥គ្រួសារប៉ុណ្ណោះ ផលប៉ះពាល់ដីស្រែ។