អ៊ីស្រាអែលមើលឃើញឳកាសបណ្តេញអ៊ីរ៉ង់ចេញពីស៊ីរី ខណៈរុស្ស៊ីសង្ឃឹមលើផលប្រយោជន៍ផ្ទាល់របស់ខ្លួន​

មន្ត្រីភ្នាក់ងារសម្ងាត់ជាន់ខ្ពស់អ៊ីស្រាអែល បាននិយាយថាអ៊ីស្រាអែលមានសុទិដ្ឋិកាន់តែខ្លាំងចំពោះលទ្ធភាពបង្ខំឲ្យអ៊ីរ៉ង់ចាកចេញពីស៊ីរី នៅពេលរុស្ស៊ីយល់ឃើញថាវត្តមានរបស់អ៊ីរ៉ង់អាចគម្រាមកំហែងផលប្រយោជន៍ផ្ទាល់របស់រុស្ស៊ី។

លោក ឆាហ្គាយ ធីហ្ស៊ូរៀល អគ្គនាយកនៃក្រសួងកិច្ចការសម្ងាត់អ៊ីស្រាអែល បាននិយាយថាទីក្រុងម៉ូស្គូដឹងច្បាស់ថាការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ អាចបំផ្លាញផលប្រយោជន៍របស់រុស្ស៊ីនៅក្នុងអំឡុងសង្គ្រាមស៊ីវិលស៊ីរី។

លោក ធីហ្ស៊ូរៀល បានបញ្ជាក់ថា«ការវាយតម្លៃរបស់ខ្ញុំ គឺថារុស្ស៊ីបានចាប់អារម្មណ៍នៅក្នុងស្ថេរភាពសមិទ្ធិផលនានារបស់ខ្លួននៅស៊ីរី។ បើអ៊ីរ៉ង់បន្តកិច្ចការបច្ចុប្បន្ន រឿងនេះនឹងនាំឲ្យកើតមានសង្គ្រាម ហើយនឹងបំផ្លាញផែនការរបស់រុស្ស៊ីទាំងអស់។»

អ៊ីស្រាអែល បាននិយាយថាខ្លួនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់ទទួលបានកន្លែងឈរជើងយោធាអចិន្ត្រៃយ៍នៅស៊ីរីទេ ហើយបានមើលឃើញថាសម្ព័ន្ធមិត្តរុស្ស៊ីរបស់អ៊ីរ៉ង់ជាគន្លឹះបញ្ឈប់រឿងនេះ។

កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារកាន់តែខ្លាំងឡើងប្រឆាំងទីតាំងយោធាអ៊ីរ៉ង់នៅស៊ីរីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយក្នុងដំណើរការនេះបានធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរលើប្រព័ន្ធការពារដែនអាកាសរបស់របបលោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។ (Telegraph)

, , ,