អ៊ីស្រាអែលត្រៀមធ្វើការវាយលុកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា

អ៊ីស្រាអែលបានផ្តល់ឲ្យពួកជីវពលហាម៉ាស់រហូតដល់ថ្ងៃសុក្រ ដើម្បីបញ្ឈប់ការវាយប្រហារខ្លែងអណ្តាតភ្លើងលើទឹកដីអ៊ីស្រាអែល។ របាយការណ៍នេះធ្វើឡើងស្របពេលដែលសភាអ៊ីស្រាអែលបានផ្តល់សិទ្ធិឲ្យនាយករដ្ឋមន្ត្រីប្រកាសសង្គ្រាម។

កាសែត The Times of Israel បាននិយាយថាមេដឹកនាំអ៊ីស្រាអែលបានណែនាំកងទ័ពរបស់ប្រទេសឲ្យត្រៀមខ្លួនឈ្លានពានតំបន់ហ្គាហ្សា បើការវាយប្រហារខ្លែងអណ្តាតភ្លើងមិនបញ្ឈប់នៅក្នុងសប្តាហ៍នេះ។

យោងតាមរបាយការណ៍ អ៊ីស្រាអែលបានផ្តល់ឲ្យពួកជីវពលហាម៉ាស់រហូតដល់ថ្ងៃសុក្រ ដើម្បីបញ្ឈប់ការវាយប្រហារខ្លែងអណ្តាតភ្លើង និងប៉ើតប៉ោង បើពួកជីវពលហាម៉ាស់ មិនធ្វើតាមសំណូមពរនេះទេ អ៊ីស្រាអែលអាចសម្រេចចិត្តថាខ្លួនគ្មានជម្រើស ក្រៅពីចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ។

ប៉ុស្តិ៍ទូរទស្សន៍លេខ១០ បានរាយការណ៍ថាអ៊ីស្រាអែលបានបញ្ជូនសារដោយផ្ទាល់ដល់ពួកជីវពលហាម៉ាស់តាមរយៈទីភ្នាក់ងារសម្ងាត់អេហ្ស៊ីប។ របាយការណ៍ក៍បាននិយាយថាពួកជីវពលហាម៉ាស់បានឆ្លើយតបដោយនិយាយថាកងទ័ពរបស់ខ្លួននឹងធ្វើការបញ្ឈប់ការវាយប្រហារដ៍សាហាវនៅថ្ងៃសុក្រ។

កាលពីថ្ងៃអាទិត្យ កងពលរថក្រោះអ៊ីស្រាអេលទី១៦២ បានធ្វើសមយុទ្ធយោធាក្លែងវាយប្រហារលើតំបន់ហ្គាហ្សា និងការរឹបអូសទីក្រុងហ្គាហ្សា។ នៅពេលកងទ័ពអ៊ីស្រាអែលប្រកាសថាសមយុទ្ធនេះត្រូវបានគ្រោងទុកជាមុន ហើយមិនទាក់ទងទៅនឹងព្រឹត្តិការណ៍បច្ចុប្បន្ននេះទេ។ អ្នកខ្លះបានចាត់ទុកព្រឹត្តិការណ៍នេះថាជាការគម្រាមកំហែងផ្ទាល់ដល់ពួកជីវពលហាម៉ាស់។ (Sputnik)

,