អ៊ីរ៉ង់ប្រឆាំងរុស្ស៊ីចំពោះការអំពាវនាវឲ្យដកកងទ័ពបរទេសចេញពីស៊ីរី ខណៈយោធាអាមេរិកគម្រាមចាត់វិធានការថ្មី

អ៊ីរ៉ង់បានបដិសេធការអំពាវនាវរបស់សម្ព័ន្ធមិត្តរុស្ស៊ីឲ្យកងទ័ពបរទេសទាំងអស់ចាកចេញពីស៊ីរី ដោយនិយាយថាវាគឺជាកងទ័ពអាមេរិក និងទួរគី ដែលត្រូវបានដាក់ពង្រាយដោយខុសច្បាប់នៅស៊ីរី ហើយគួរតែដកកងទ័ពរបស់ខ្លួនចេញពីស៊ីរី។

នៅឆ្នាំ២០១១ ការបះបោរបានគាំទ្រដោយលោកខាងលិច ទួរគី និងបណ្តារដ្ឋអារ៉ាប់នៅឈូងសមុទ្រ លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ បានអំពាវនាវដល់រុស្ស៊ី និងអ៊ីរ៉ង់ ឲ្យគាំទ្រកងកម្លាំងប្រដាប់អាវុធរបស់លោកប្រឆាំងពួកឧទ្ទាម និងក្រុមជីហាដ ដែលត្រូវបានកម្ចាត់ទាំងស្រុង។ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន បានស្វាគមន៍ជ័យជម្នះរបស់លោក អាសាដក្នុងអំឡុងជំនួបនៅទីក្រុងស៊ូជីកាលពីថ្ងៃសុក្រ ហើយបាននិយាយថាកងកម្លាំងបរទេសទាំងអស់ត្រូវចាកចេញពីស៊ីរី ដែលបានបើកឲ្យមានជម្លោះជាចំហរវាងទីក្រុងម៉ូស្គូ និងទីក្រុងតេរ៉ង់។

លោក បារ៉ែម ហ្គាសែមី អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃច័ន្ទថា«គ្មាននរណាអាចបង្ខំឲ្យអ៊ីរ៉ង់ធ្វើអ្វីបានទេ។ អ៊ីរ៉ង់គឺជាប្រទេសឯករាជ្យ ដែលសម្រេចគោលនយោបាយផ្ទាល់របស់ខ្លួន»។

លោក ហ្គាសែមី បានបញ្ជាក់ថាវត្តមានអ៊ីរ៉ង់នៅស៊ីរី គឺជាការអញ្ចើញរបស់រដ្ឋាភិបាលស៊ីរី ដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការពារបូរណភាពទឹកដីស៊ីរី ហើយនឹងស្នាក់នៅរហូតដល់រដ្ឋាភិបាលស៊ីរីចង់ឲ្យអ៊ីរ៉ង់ជួយស៊ីរី។ កងទ័ពទាំងឡាយណាដែលបានចូលក្នុងប្រទេសស៊ីរីដោយគ្មានការអនុញ្ញាតរបស់រដ្ឋាភិបាលស៊ីរី ត្រូវចាកចេញពីស៊ីរី។ (Newsweek)

,