អ៊ីរ៉ង់បាញ់សាកល្បងមីស៊ីលពីលើច្រកសមុទ្រហូម៉ូសក្នុងអំឡុងសមយុទ្ធ

ផ្កាយរណបចារកម្មអាមេរិក បាននិយាយថានៅពេលកងទ័ពជើងទឹកអ៊ីរ៉ង់បានហ្វឹកហាត់សម្រាប់ប្រតិបត្តិការបិទច្រកសមុទ្រហូម៉ូសជាយុទ្ធសាស្ត្រកាលពីសប្តាហ៍មុន កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបាញ់សាកល្បងមីស៊ីលនៅពីលើច្រកសមុទ្រហូម៉ូសដោយស្ងៀមស្ងាត់។

ទូរទស្សន៍ Fox News បានរាយការណ៍នៅថ្ងៃសុក្រថាកងទ័ពអ៊ីរ៉ង់បានបាញ់មីស៊ីល Fateh-110 Mod 3 ក្នុងអំឡុងសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំ ដើម្បីអនុវត្តន៍បិទច្រកសមុទ្រហូម៉ូស។ វាទំនងជាការសាកល្បងមីស៊ីលលើកដំបូងរបស់អ៊ីរ៉ង់នៅឆ្នាំ២០១៨។

ក្រុមមន្ត្រីអាមេរិក បានប្រាប់ Fox ថាមីស៊ីលនេះបានចាប់ផ្តើមចេញពីតំបន់ Bandar-e-Jask នៃខេត្តហូម៉ូសហ្គាន ភាគអគ្នេយ៍ប្រទេសអ៊ីរ៉ង់ ហើយហោះហើរបានចម្ងាយប្រមាណ១០០ម៉ាយនៅពីលើច្រកសមុទ្រហូម៉ូស មុនពេលធ្លាក់លើវាលខ្សាច់ក្នុងទឹកដីអ៊ីរ៉ង់។ ផ្លូវហោះហើរ គឺចេញពីច្រាំងម្ខាង ទៅច្រាំងម្ខាងទៀត។

លោកឧត្តមសេនីយ៍ ជូសេ វ៉ូតែល ប្រធានទីបញ្ជាការកណ្តាលអាមេរិក បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅមន្ទីរបញ្ចកោណថា«វាច្បាស់ណាស់ចំពោះយើងថាអ៊ីរ៉ង់កំពុងព្យាយាមប្រើសមយុទ្ធនេះ ដើម្បីបញ្ជូនសារដល់យើងថាអ៊ីរ៉ង់មានសមត្ថភាពមួយចំនួន។» (Sputnik)

,