អ៊ីរ៉ង់បង្ហាញមីស៊ីលប្រឆាំងនាវាបុកទម្លុះប្រព័ន្ធរ៉ាដាថ្មី ចំពេលមានភាពតានតឹងនៅច្រកសមុទ្រហូម៉ូស

ភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិក បានកើតឡើង បន្ទាប់ពីទីក្រុងវ៉ាស៊ីងតុនបានដកខ្លួនចេញពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបានសន្យាបញ្ឈប់ការនាំចេញប្រេងដល់សូន្យតាមរយៈការដាក់ទណ្ឌកម្ម ដោយអ៊ីរ៉ងឆ្លើយតបថាការគម្រាមកំហែងណាមួយដល់ការនាំចេញប្រេងរបស់ខ្លួនអាចនាំទៅដល់ការបិទច្រកសមុទ្រហូម៉ូស ដែលជាច្រកនាំប្រេងចេញដ៍សំខាន់បំផុតរបស់ពិភពលោក។

មីស៊ីលថ្មី Fateh-110 នេះ ត្រូវបានបង្ហាញដោយលោកឧត្តមសេនីយ៍ អាមៀ ហាតាមី រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់។

លោក ហាតាមី បាននិយាយថាការអភិវឌ្ឍមីស៊ីលរបស់អ៊ីរ៉ង់នេះ បានប្រើសម្រាប់ការពារ និងបង្កើនសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់កាន់តែខ្លាំងថែមទៀត។

លោក ហាតាមី ក៍បានសន្យាថាអ៊ីរ៉ង់មិនដែលអនុញ្ញាតឲ្យមហាអំណាចបរទេសគាបសង្កត់អ៊ីរ៉ង់លើកម្មវិធីអាវុធមីស៊ីលរបស់ខ្លួនទេ ដោយនិយាយថាការខំប្រឹងប្រែងបែបនេះបានធ្វើការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់។

អ៊ីរ៉ង់មានមីស៊ីលរយៈចម្ងាយជិត និងមធ្យមជាង១០០០គ្រឿងនៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។ កងទ័ពអ៊ីរ៉ង់ត្រូវបានជឿជាក់ថារារាំងការសកល្បងមីស៊ីលនៅឆ្នាំ២០១៨ រហូតដល់កាលពីសប្តាហ៍មុន នៅពេលក្រុមមន្ត្រីអាមេរិក បានប្រាប់សារព័ត៌មានអាមេរិកថាផ្កាយរណបអាមេរិកចាប់បានរូបភាពសាកល្បងមីស៊ីល Fateh-110 នៅក្នុងដែនទឹករបស់អ៊ីរ៉ង់ក្នុងអំឡុងសមយុទ្ធនៅច្រកសមុទ្រហូម៉ូស។ (Sputnik)

,