អែល សាលវ៉ាឌ័រ ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ មកបង្កើតទំនាក់ទំនងជាមួយចិន

អែល សាលវ៉ាឌ័រ បានផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ ហើយបង្កើតទំនាក់ទំនងពេញលេញជាមួយចិន ដោយទុកឲ្យតៃវ៉ាន់ជាមួយបញ្ជីនៃក្រុមសម្ព័ន្ធមិត្តកាន់ចុះតិចទៅៗ។

នៅកិច្ចប្រជុំជាមួយសមភាគីសាលវ៉ាឌ័ររបស់លោកក្នុងទីក្រុងប៉េកាំងនៅអង្គារ៍នេះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានកោតសរសើរការសម្រេចចិត្តរបស់ប្រទេសអែល សាលវ៉ាឌ័រ ដើម្បីទទួលស្គាល់ថាមានគោលនយោបាយចិនតែមួយនៅក្នុងពិភពលោក។

លោក វ៉ាង យី បានបញ្ជាក់ថា«នេះបង្ហាញយ៉ាងច្បាស់ថាគោលនយោបាយចិនតែមួយគឺស្របតាមច្បាប់អន្តរជាតិ គឺជាជម្រើសដ៍ត្រឹមត្រូវ ហើយជាមូលដ្ឋាននៃទំនាក់ទំនងរបស់ចិនជាមួយប្រទេសណាមួយ»។

បន្ទាប់ពីការចុះហត្ថលេខាលើឯកសារជាមួយលោក វ៉ាង យី បង្កើតទំនាក់ទំនងមក លោក កាឡូស កាស្តាណេដា រដ្ឋមន្ត្រីការបរទេសអែល សាលវ៉ាឌ័រ បាននិយាយថាប្រទេសរបស់លោកបានធ្វើការសម្រេចចិត្តយុទ្ធសាស្ត្រ និងបានដើរតាមផ្លូវត្រឹមត្រូវ និងផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ (Aljazeera)

,