អាមេរិក ៖ អារ៉ាប៊ី សាអូឌីត មិនត្រូវទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400

លោក ដាវីដ ស្ឆេនគ័រ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយថាអារ៉ាប៊ី សាអូឌីត និងសម្ព័ន្ធមិត្តអាមេរិកដទៃទៀត មិនត្រូវទិញឧបករណ៍យោធារុស្ស៊ី រួមមានប្រព័ន្ធការពារមីស៊ីល S-400 នៅពេលការទិញបែបនេះអាចទទួលរងការដាក់ទណ្ឌកម្ម។

លោក ដាវីដ បានបញ្ជាក់ថា«ខ្ញុំនឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីរារាំងពួកគេ ឬ លើកទឹកចិត្តពួកគេឲ្យជៀសវាងការទិញឧបករណ៍យោធារុស្ស៊ី ដែលអាចទទួលរងការដាក់ទណ្ឌកម្ម។ ក្នុងពាក្យមួយទៀត ខ្ញុំសូមប្រាប់អារ៉ាប៊ី សាអូឌីត កុំឲ្យធ្វើរឿងនេះ។»

លោក ដាវីដ ត្រូវបានចោទសួរអំពីកង្វល់លើបណ្តារដ្ឋនៅឈូងសមុទ្រពែក ដូចជាអារ៉ាប៊ី សាអូឌីត និងហ្គាតា ពិចារណាទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដែលផ្តល់ផលវិបាកសម្រាប់ពួកគេក្រោមច្បាប់ដាក់ទណ្ឌកម្ម។

ទួរគី សម្ព័ន្ធមិត្តអាមេរិក និងដៃគូអង្គការណាតូ កំពុងស្ថិតនៅក្នុងដំណើរការទទួលបានប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី នៅពេលអេហ្ស៊ីប កំពុងស្វះស្វែងរកទិញយន្តហោះប្រយុទ្ធចំនួន៥០គ្រឿង និងឧទ្ធម្ភាគចក្រចំនួន៤៦គ្រឿង ពីរុស្ស៊ី។ (Sputnik)

,