អាមេរិក ៖ កូរ៉េខាងជើងបិទបាំងទិដ្ឋភាពនៃកម្មវិធីអាវុធនុយក្លេអ៊ែរ

ក្រុមមន្ត្រីចារកម្មអាមេរិក បានសន្និដ្ឋានថាកូរ៉េខាងជើងគ្មានបំណងរំសាយអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយកំពុងពិចារណាវិធីនានាបិទបាំងចំនួនអាវុធនុយក្លេអ៊ែរ ដែលខ្លួនមាន និងទីតាំងសម្ងាត់ផលិតអាវុធនុយក្លេអ៊ែរ។

ក្រុមមន្ត្រីអាមេរិក បាននិយាយថាភស្តុតាងដែលប្រមូលបាននៅចំកិច្ចប្រជុំកំពូលថ្ងៃទី១២ ខែមិថុនាក្នុងប្រទេសសឹង្ហបូរី ចង្អុលបង្ហាញដល់ការរៀបចំបោកប្រាស់អាមេរិក ព្រមទាំងបិទបាំងកន្លែងផលិតសម្ភារៈផលិតគ្រាប់បែកនុយក្លេអ៊ែរដែលមានស្រាប់។

ការរកឃើញគាំទ្រទីភ្នាក់ងារសម្ងាត់របស់ក្រសួងការពារជាតិបង្ហាញពីមុន និងថ្មីនេះ ប៉ាន់ស្មានថាកូរ៉េខាងជើងមិនទំនងជារំសាយអាវុធនុយក្លេអ៊ែរទេ។

ការវាយតម្លៃនេះបានផ្ទុយពីការអត្ថាធិប្បាយរបស់លោក ដូណល ត្រាំ បន្ទាប់ពីកិច្ចប្រជុំកំពូលថាគ្មានការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើងទៀតទេ ហើយថ្មីៗនេះ លោកត្រាំ ក៍បាននិយាយថាលោកបានទទួលជោគជ័យដ៍ធំធេងជាមួយទីក្រុងព្យូងយ៉ាង។ (WP)