អាមេរិកមិនអញ្ចើញចិនឲ្យចូលរួមក្នុងសមយុទ្ធយោធាអាមេរិកទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង

មន្ទីរបញ្ចកោណ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាអាមេរិកបានលុបចោលការអញ្ចើញចិនឲ្យចូលរួមនៅក្នុងសមយុទ្ធធ្វើសង្គ្រាមសមុទ្រអន្តរជាតិដ៍ធំបំផុតរបស់ពិភពលោក។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថាទង្វើរបស់ចិនមិនប្រកាន់ភ្ជាប់ជាមួយគោលការណ៍ និងគោលបំនងនៃសមយុទ្ធ RIMPAC ហើយបានអញ្ចើញកងទ័ពជើងទឹកចិនចូលរួមក្នុងសមយុទ្ធ RIMPAC ឆ្នាំ២០១៨នេះទេ។

យោងតាមមន្ត្រីអាមេរិក ការសម្រេចចិត្តដកការអញ្ចើញរបស់ចិននេះ ត្រូវបានធ្វើឡើងដោយលោក ជេម ម៉ាតទីស រដ្ឋមន្ត្រីការពារជាតិអាមេរិកក្នុងការសម្របសម្រួលជាមួយសេតវិមាន បន្ទាប់ពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលថ្មីៗរបស់ទីក្រុងប៉េកាំង និងការចុះចតលើកដំបូងនៃយន្តហោះទម្លាក់គ្រាប់បែកចិនលើកោះនៅសមុទ្រចិនខាងត្បូង។

មន្ត្រីការពារជាតិអាមេរិក បានប្រាប់ CNN ថាអាមេរិកមានរូបភាពរបស់ខ្លួនបង្ហាញការដាក់ពង្រាយប្រព័ន្ធមីស៊ីលបាញ់នាវា និងប្រព័ន្ធមីស៊ីលបាញ់ពីដី ទៅអាកាសរបស់ចិន។

លោក លូ កាំង អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថាប្រជុំកោះនៅសមុទ្រចិនខាងត្បូង គឺជាទឹកដីរបស់ប្រទេសចិន។ សកម្មភាពយោធាបន្តបន្ទាប់ គឺជាការហ្វឹកហាត់ធម្មតា ហើយភាគីដទៃមិនគួរបកស្រាយលើសនោះទេ។

សមយុទ្ធ RIMPAC ឆ្នាំ២០១៦ មាននាវាចំនួន៤៥គ្រឿង យន្តហោះចំនួន២០០គ្រឿង និងកងទ័ពជាង២៥០០០នាក់ពីប្រទេសចំនួន២៦។ (CNN)

,