អាមេរិកបើកនាវាចម្បាំងកាត់ប្រជុំកោះជម្លោះនៅសមុទ្រចិនខាងត្បូង

អាមេរិកបានបើកនាវាចម្បាំងចំនួន២គ្រឿងកាត់ប្រជុំកោះជម្លោះនៅសមុទ្រចិនខាងត្បូងជាលើកដំបូង ដែលទង្វើនេះបានធ្វើឲ្យមានការក្តៅក្រហាយពីទីក្រុងប៉េកាំង។

មន្ត្រីអាមេរិក បានប្រាប់ CNN ថានាវាចម្បាំង USS Higgins និង USS Antietam បានបើកចូលចម្ងាយ១២ម៉ាយនៅក្នុងប្រជុំកោះប៉ារ៉ាហ្សែល ដែលអាមេរិកហៅថាប្រតិបត្តិការសេរីភាពនាវាចរណ៍ ដើម្បីពង្រឹងសិទិ្ធធ្វើដំណើរឆ្លងកាត់ច្រកទឹកអន្តរជាតិ។

យោងតាមទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters ប្រតិបត្តិការកងនាវាអាមេរិកនេះបានកើតឡើងនៅថ្ងៃអាទិត្យ។

ក្រសួងការបរទេស និងក្រសួងការពារជាតិចិន បានចោទបករកាន់ទីក្រុងវ៉ាស៊ីងតុនអំពីការរំលោភលើទឹកដីរបស់ទីក្រុងប៉េកាំង ដោយបើកនាវាចម្បាំងកាត់ប្រជុំកោះ។

លោក លូ កាំង អ្នកនាំពាក្យក្រសួងការបរទេសចិន បានអំពាវនាវដល់អាមេរិកឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពឈ្លានពានបែបនេះ ដែលរំលោភលើបូរណភាពទឹកដីចិន និងគម្រាមកំហែងសន្តិសុខរបស់ចិន។ (CNN)

,