អង់គ្លេសត្រូវពង្រឹងប្រព័ន្ធការពារប្រឆាំងការគម្រាមកំហែងរបស់រុស្ស៊ីក្នុងសម័យថ្មីនៃការធ្វើសង្គ្រាម

លោក ហ្គាវិន វិលៀមសុន រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានថ្លែងថាអង់គ្លេសត្រូវការពង្រឹងប្រព័ន្ធការពាររបស់ខ្លួនចំពោះមុខនៃការឈ្លានពានកាន់តែខ្លាំងឡើងពីរុស្ស៊ី។

លោក វិលៀមសុន បាននិយាយថាសកម្មភាពរុស្ស៊ីនៅជុំវិញប្រទេសអង់គ្លេស បានកើនឡើងខ្ពស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយនាវាមុជទឹក យន្តហោះ និងនាវាចម្បាំងសាកល្បងប្រព័ន្ធការពារអង់គ្លេស និងសម្ព័ន្ធមិត្ត។

លោក វិលៀមសុន បានប្រាប់ Daily Express ថា«ការគម្រាមកំហែងចាស់កំពុងវិលត្រឡប់មកលងយើង»។

ការព្រមានរបស់លោក វិលៀមសុន បានកើតឡើង នៅពេលប្រភពការពារជាតិ បាននិយាយថាសកម្មភាពរុស្ស៊ីកំពុងវិលត្រឡប់ទៅរកកម្រិតសង្គ្រាមត្រជាក់ ចេញពីមហាសមុទ្រអាត់ឡង់ទិក ទៅកាន់មហាសមុទ្រមីឌីទែរ៉ាណេ។

នៅពេលជាមួយគ្នានេះ ក្រសួងការពារជាតិបានចេញផ្សាយរូបថតនៃយន្តហោះប្រយុទ្ធ RAF Typhoon ហោះហើរនៅពីលើស្ថានីយ៍រ៉ាដាការពារដែនអាកាសតម្លៃ១០លានអឺរ៉ូនៅតំបន់ Saxa Vord ភាគចុងខាងជើងប្រទេសអង់គ្លេស។

ស្ថានីយ៍រ៉ាដានេះបានបិទជាង១០ឆ្នាំមកហើយ ប៉ុន្តែបានដំណើរការឡើងវិញចំពោះតួនាទីទប់ទល់សង្គ្រាមត្រជាក់ ជារ៉ាដាព្រមានឲ្យដឹងជាមុនអំពីសកម្មភាពយោធារុស្ស៊ីនៅតំបន់ខាងជើងរបស់អង្គការណាតូ។ (Expess)