វិមានក្រឹមឡាំងចង្អុលទៅរកពួកភេរវករនៅខេត្តអ៊ីដលីប នៅពេលសួរអំពីសមយុទ្ធកងទ័ពជើងទឹកដ៍ធំក្បែរច្រាំងសមុទ្ររបស់ប្រទេសស៊ីរី

កងទ័ពរុស្ស៊ីចាប់ផ្តើមសមយុទ្ធរយៈពេលមួយសប្តាហ៍ក្នុងសមុទ្រមីឌីទែរ៉ាណេនៅថ្ងៃសៅរ៍នេះ ដោយមាននាវាចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួន២៥គ្រឿង។ វិមានក្រឹមឡាំងបានយល់ស្របថាសមយុទ្ធនេះអាចជាប់ពាក់ព័ន្ធជាមួយស្ថានភាពនៅក្នុងខេត្តអ៊ីដលីបរបស់ប្រទេសស៊ីរី។

កងទ័ពរុស្ស៊ី បានចោទថាសមយុទ្ធនេះធ្វើឡើងចំពេលភាពតានតឹងឡើងកម្រិតខ្ពស់នៅក្នុងតំបន់ ដោយទីក្រុងម៉ូស្គូ អះអាងថាអាមេរិកកំពុងដាក់ពង្រាយគ្រឿងសព្វាវុធយោធាបន្ថែមឆ្ពោះទៅរកប្រទេសស៊ីរីសម្រាប់ការវាយប្រហារមីស៊ីលប្រឆាំងកងទ័ពរដ្ឋាភិបាលស៊ីរី។ ការវាយប្រហារនេះនឹងត្រូវបានធ្វើឡើងក្រោមលេសនៃការវាយប្រហារអាវុធគីមី។

យោងតាមក្រសួងការពារជាតិរុស្ស៊ី នាវាដើរដោយថាមពលមីស៊ីល Marshal Ustinov គឺជានាវាដឹកនាំមុខក្នុងការធ្វើសមយុទ្ធ ដែលនឹងបញ្ចប់នៅថ្ងៃទី៨ ខែកញ្ញា។ កងទ័ពជើងទឹករុស្ស៊ីនៅតំបន់ខាងជើង ប៉ាលទិក សមុទ្រខ្មៅ និងកាស្ពៀន បានផ្តល់នាវាប្រយុទ្ធ និងគាំទ្រសម្រាប់ល្បែងសង្គ្រាមនេះ។ សមយុទ្ធនេះក៍នឹងមានយន្តហោះចំនួន៣០គ្រឿង រួមមាន យន្តហោះទម្លាក់គ្រាប់បែក Tu-160 យន្តហោះ Tu-142MK និងយន្តហោះប្រឆាំងនាវាមុជទឹក Il-38 ព្រមទាំងយន្តហោះប្រយុទ្ធ Su-33 និង Su-30SM។

លោក ឌីមីទ្រី ប៉េសកូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថាខេត្តអ៊ីដលីប គឺជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ពួកភេរវករ។ (RT)

,