លោក អឺដូហ្គេន ស្នើលោក ពូទិន ផលិតប្រព័ន្ធការពារមីស៊ីលជំនាន់ថ្មី S-500 រួមគ្នា

ទួរគីកំពុងសម្លឹងមើលប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយឆ្ងាយផ្ទាល់របស់ខ្លួន ជាផ្នែកមួយនៃការខំប្រឹងប្រែងបច្ចុប្បន្នរបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពយោធាយុទ្ធសាស្ត្រការពាររបស់ប្រទេស។

លោកប្រធានាធិបតីទួរគី តៃយ៉ិប អឺដូហ្គេន បាននិយាយថាទួរគីកំពុងសម្លឹងរកការផលិតប្រព័ន្ធការពារមីស៊ីលជំនាន់ថ្មី S-500 រួមគ្នាជាមួយរុស្ស៊ី។

លោក អឺដូហ្គេន បានបញ្ជាក់ថា«ខ្ញុំបានទាក់ទងជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន ជាមួយសំណើអំពីការផលិតប្រព័ន្ធការពារមីស៊ីល S-500 រួមគ្នា»។

លោក អឺដូហ្គេន មិនបាននិយាយការឆ្លើយតបរបស់លោកប្រធានាធិបតី ពូទិន ចំពោះគំនិតនេះ ឬ នៅពេលសំណើនេះបានទៅដល់លោក ពូទិន ពិតប្រាកដ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋទួរគី Anadolu បាននិយាយថារុស្ស៊ីបានផ្តល់ប្រាក់កម្ចីដល់ទួរគីទិញប្រព័ន្ធការពារមីស៊ីល S-400។ (Sputnik)