លោក ពូទិន បណ្តេញឧត្តមសេនីយ៍យោធាជាច្រើននាក់

លោកប្រធានាធិបតី វ្លាឌីមៀ ពូទិន បានបណ្តេញឧត្តមសេនីយ៍យោធាចំនួន១៥នាក់កាលពីថ្ងៃអង្គារ៍ នៅពេលប្រទេសរុស្ស៊ីរៀបចំធ្វើល្បែងសង្គ្រាមដ៍ធំបំផុតរបស់ខ្លួនក្នុងរយៈពេលជាង៤០ឆ្នាំ។

ក្នុងចំណោមឧត្តមសេនីយ៍បណ្តេញចេញនេះ មានលោកឧត្តមសេនីយ៍ វ្លាដឡេន អនុរដ្ឋមន្ត្រីនៃក្រសួងស្ថានការណ៍អាសន្ន និងលោកឧត្តមសេនីយ៍ ហ្ស៊ឺហ្គេយ កូរីយូឈីន ប្រធានពន្ធនាគារសហព័ន្ធនៅតំបន់ Omsk របស់ប្រទេសរុស្ស៊ី។

ក្រុមអ្នកជំនាញ បានកត់សម្គាល់ថាឧត្តមសេនីយ៍នៅរុស្ស៊ីតែងតែត្រូវបានបណ្តេញចេញទាំងហ្វូងៗ។ ឧត្តមសេនីយ៍ចំនួន១១នាក់ត្រូវបានបណ្តេញចេញនៅខែមេសា ឆ្នាំ២០១៨ ហើយឧត្តមសេនីយ៍មួយក្រុមទៀតត្រូវបានបណ្តេញចេញនៅឆ្នាំ២០១៦ និងឆ្នាំ២០១៧។ ក្នុងអំឡុងការបណ្តេញចេញលើកមុន មន្ត្រីមួយចំនួនត្រូវបានចាប់ខ្លួនចំពោះអំពើពុករលួយ ហើយករណីក្នុងសប្តាហ៍នេះមិនខុសគ្នាទេ។ យ៉ាងហោចឧត្តមសេនីយ៍ម្នាក់នៅក្រសួងស្ថានការណ៍អាសន្នក្នុងតំបន់ Tomsk របស់ប្រទេសរុស្ស៊ី លោក មីខែល បេហ្គាន់ ក៍ត្រូវបានចោទប្រកាន់បទពុករលួយចំពោះការស៊ីសំណូក។ ក្រុមអ្នកជំនាញ និយាយថាការចាប់ខ្លួនកាន់តែច្រើនអាចត្រូវបានធ្វើឡើងឆាប់ៗនេះ។ (Newsweek)