លោក ណេតាន់យ៉ាហ៊ូ សន្យាតាមវ៉ៃអ៊ីរ៉ង់គ្រប់ទីកន្លែងនៅស៊ីរី

លោក បេនចាមិន ណាតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថាអ៊ីស្រាអែលនឹងវាយប្រហារទីតាំងយោធាអ៊ីរ៉ង់គ្រប់ទីកន្លែងនៅស៊ីរី នៅពេលរដ្ឋមន្ត្រីការពារជាតិរបស់លោក ត្រូវធ្វើការចរចាជាមួយរុស្ស៊ីសំដៅកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។

លោក ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា«យើងនឹងបន្តធ្វើសកម្មភាពប្រឆាំងបំណងរបស់អ៊ីរ៉ង់បង្កើតវត្តមានយោធានៅស៊ីរីប្រឆាំងយើង មិនត្រឹមតែប្រឆាំងនៅតំបន់ហ្គោឡេ ហៃ ប៉ុណ្ណោះទេ ថែមទាំងគ្រប់ទីកន្លងនៅស៊ីរី»។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយតែប៉ុន្មានម៉ោង មុនពេលលោក អាវីឌ័រ លៀបើមែន រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានជិះយន្តហោះទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីជួបលោក ហ្ស័រហ្គេយ ហ្ស៊ូហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី។ លោករដ្ឋមន្ត្រីការពារជាតិទាំងពីរ ពិភាក្សាគម្រោងប្រតិបត្តិការរបស់កងទ័ពស៊ីរីនៅតំបន់ខាងត្បូងប្រទេសជាប់ព្រំដែនអ៊ិស្រាអែល។ អ៊ីស្រាអែលចង់ឃើញកងទ័ពអ៊ីរ៉ង់ចាកចេញពីព្រំដែនរបស់ខ្លួន។

លោក លៀបើមែន បាននិយាយថាការយកចិត្តទុកដាក់សំខាន់បំផុតលើកងកម្លាំងសន្តិសុខរារាំងអ៊ីរ៉ង់ និងអាយ៉ងរបស់អ៊ីរ៉ង់កុំឲ្យបោះទីតាំងនៅស៊ីរី។ (RT)

, , ,