លោក ដូណល ត្រាំ និងលោក គឹម ជុងអ៊ុន កំពុងស្ថិតនៅក្នុងប្រទេសសឹង្ហបូរីសម្រាប់កិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រ

លោកប្រធានាធិបតី ដូណល ត្រាំ បានមកដល់សឹង្ហបូរីកាលពីយប់ថ្ងៃអាទិត្យ មុនកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង កិច្ចប្រជុំលើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលជាសត្រូវនឹងគ្នាអស់រយៈពេលជិត៧០ឆ្នាំ។

លោកត្រាំ និងលោក គឹម បានគ្រោងជួបតទល់មុខគ្នានៅថ្ងៃអង្គារ៍ ម៉ោង៩ព្រឹក។ មេដឹកនាំទាំងពីរអាចបង្កើតកិច្ចព្រមព្រៀងស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោកត្រាំ និងលោក គឹម គ្រោងជួបគ្នានៅសណ្ឋាគារកាប៉ែលឡាលើកោះសេនតូហ្សារបស់ប្រទេសសឹង្ហបូរីដ៍ល្បីល្បាញ។

លោក លី ស៊ៀន ឡុង នាយករដ្ឋមន្ត្រីសឹង្ហបូរី បានទទួលស្វាគមន៍លោក គឹម ជុងអ៊ុន និងបរិវាររបស់លោកនៅវិមានអ៊ីស្តាណា សម្រាប់ការពិភាក្សារៀបចំកិច្ចប្រជុំកំពូលនៅថ្ងៃអង្គារ៍។ លោកត្រាំជួបលោក លី ស៊ៀន ឡុង នៅថ្ងៃច័ន្ទនេះ។ (WP)

,