លោកត្រាំ ៖ កូរ៉េខាងជើងលែងជាការគម្រាមកំហែងអាវុធនុយក្លេអ៊ែរ មន្ទីរបញ្ចកោណត្រូវការថវិការាប់ពាន់លាន

លោក ដូណល ត្រាំ បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថាគ្មានការគម្រាមកំហែងអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើងទៀតទេ បន្ទាប់ពីការចរចារបស់លោកជាមួយលោក គឹម ជុងអ៊ុន ប៉ុន្តែក្រសួងការពារជាតិ កំពុងចំណាយប្រាក់រាប់ពាន់លានដុល្លាររៀបចំប្រឆាំងកូរ៉េខាងជើង។

រយៈពេលជាច្រើនឆ្នាំ ក្រុមមេដឹកនាំនៅមន្ទីរបញ្ចកោណក្នុងអំឡុងរដ្ឋបាលលក អូបាម៉ា និងលោកត្រាំ បានចាត់ទុកមហិច្ឆិតាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងថាជាការគម្រាមកំហែងមួយ ដល់អាមេរិក ហើយបានស្វះស្វែងរកវិធីបង្កើនសមត្ថភាពយោធាអាមេរិកប្រឆាំងកូរ៉េខាងជើង។

កូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរចំនួន៦លើក ដែលក្រុមមន្ត្រីអាមេរិកសង្ស័យពាក់ព័ន្ធគ្រាប់បែកអ៊ីដ្រូហ្សែន និងការសាកល្បងមីស៊ីលអន្តរទ្វីបជាច្រើនដង។ កូរ៉េខាងជើងបានប្រកាសថាមីស៊ីលនុយក្លេអ៊ែររបស់ខ្លួនអាចវាយប្រហារដល់ទឹកដីអាមេរិកទាំងមូល។

កូរ៉េខាងជើងបានបង្កើនការអនុវត្តសមត្ថភាពមីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយបានធ្វើការគម្រាមកំហែងប្រើអាវុធនុយក្លេអ៊ែរប្រឆាំងអាមេរិក និងក្រុមសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់។ (WP)