លោកត្រាំស្វះស្វែងរកការជួយរបស់លោកពូទិនទប់ស្កាត់យោធាអ៊ីរ៉ង់នៅស៊ីរី

ក្រុមមន្ត្រីការទូតអឺរ៉ុប និយាយថាលោកប្រធានាធិបតី ដូណល ត្រាំ គ្រោងស្វះស្វែងរកការជួយរបស់ទីក្រុងម៉ូស្គូក្នុងការដកវត្តមានយោធារបស់អ៊ីរ៉ង់នៅស៊ីរី នៅពេលលោកត្រាំជួបជាមួយលោកប្រធានាធិបតី វ្លាឌីមៀ ពូទិន ក្នុងទីក្រុងហែលស៊ីនគីនៅថ្ងៃទី១៦ ខែកក្កដា សម្រាប់កិច្ចប្រជុំកំពូល។

មន្ត្រីការទូតជាន់ខ្ពស់មួយរូប បាននិយាយថាក្រុមមន្ត្រីអាមេរិកមើលឃើញសក្តានុពលសម្រាប់ការរួមគ្នាអាមេរិក និងរុស្ស៊ីលើបញ្ហាដែលលោកត្រាំអាចពិនិត្យពិច័យនៅជំនួបកំពូល។

លោក ម៉ាយ ផូមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានគូសបញ្ជាក់កង្វល់របស់ទីក្រុងវ៉ាស៊ីងតុនអំពីវត្តមានកងទ័ពអ៊ីរ៉ង់នៅស៊ីរីចំពោះមុខសភាអាមេរិកកាលពីថ្ងៃពុធ។

លោក ផូមប៉េអូ បានបញ្ជាក់ថា«បើរុស្ស៊ីអាចដកកងទ័ពអ៊ីរ៉ង់ចេញពីស៊ីរី ខ្ញុំនឹងទះដៃសាទររឿងនេះ» ដោយបន្ថែមថាសមត្ថភាពរបស់ទីក្រុងម៉ូស្គូធ្វើរឿងនោះ គឺជាចំណោទបញ្ចប់ដោយបើកចំហ។

លោក លីនស៊ី ហ្គ្រាហាំ សមាជិកព្រឹទ្ធសភាអាមេរិក ដែលស្និតលោកត្រាំ បាននិយាយថាក្រុមមន្ត្រីអាមេរិកជាន់ខ្ពស់មួយចំនួនបានធ្វើឲ្យចាប់អារម្មណ៍ចំពោះគំនិតនេះ។

លោក ហ្គ្រាហាំ បានបន្ថែមថា«អ៊ីស្រាអែលកំពុងជំរុញគំនិតនេះ ដើម្បីឲ្យរុស្ស៊ីជំរុញអ៊ីរ៉ង់ចេញពីស៊ីរី»។

វត្តមានយោធាអ៊ីរ៉ង់បានធ្វើឲ្យមានការព្រួយបារម្ភដ៍ធំសម្រាប់អ៊ីស្រាអែល សម្ព័ន្ធមិត្តជិតស្និតរបស់អាមេរិក ដែលបានធ្វើការវាយប្រហារតាមអាកាសដដែលៗប្រឆាំងទីតាំងយោធាអ៊ីរ៉ង់នៅស៊ីរី។ ប៉ុន្តែពួកប្រឆាំងស៊ីរីព្រួយបារម្ភថាកិច្ចព្រមព្រៀមអាមេរិក និងរុស្ស៊ីនឹងក្លាយទៅជាការពង្រឹងការកាន់អំណាចរបស់លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ។ (WSJ)

 

, ,