លោកត្រាំរុះរើមេដឹកនាំយោធាដោយការតែងតាំងថ្មី

កាសែត Wall Street Journal បានរាយការណ៍ថាលោកប្រធានាធិបតី ដូណល ត្រាំ គ្រោងផ្លាស់ប្តូរក្រុមបញ្ជាការទូទាំងមជ្ឈឹមបូព៌ា និងអឺរ៉ុបក្នុងការផ្លាស់ប្តូរដុនដាបបំផុតរបស់រដ្ឋបាលចំពោះមេដឹកនាំយោធាអាមេរិករហូតមកដល់ពេលនេះ។

កាសែត Wall Street Journal បាននិយាយថាការផ្លាស់ប្តូរមន្ត្រីយោធានេះ នឹងប៉ះពាល់ក្រុមមន្ត្រីប្រយុទ្ធនៅមជ្ឈឹមបូព៌ា ព្រមទាំងក្រុមមន្ត្រីធ្វើការប្រឆាំងរុស្ស៊ី ត្រួតពិនិត្យកោះ Guantanamo Bay និងធ្វើប្រតិបត្តិការសម្ងាត់ទូទាំងពិភពលោក។

ក្រុមមន្ត្រី បានប្រាប់ Wall Street Journal ថាលោកឧត្តមសេនីយ រីឆាដ ក្លាក ត្រូវបានតែងតាំងឲ្យធ្វើជាប្រធានទីបញ្ជាការប្រតិបត្តិការពិសេសអាមេរិកនៅតាមប៉ាក្នុងរដ្ឋកាលីហ្វ័រញ៉ា។ លោក រីឆាដ នឹងជំនួសលោកឧត្តមសេនីយ តូនី ថូម៉ាស់ ដែលនឹងចូលនិវត្តន៍នៅឆ្នាំក្រោយ។ ទីបញ្ជាការប្រតិបត្តិការពិសេសត្រួតពិនិត្យមើលកងកម្លាំងជំនាញនៃសាខាយោធាទាំងអស់។

ឥឡូវនេះ លោក រីឆាដ ធ្វើជានាយកនៃផែនការ និងគោលនយោបាយយុទ្ធសាស្ត្រសម្រាប់សេនាធិការចម្រុះរបស់មន្ទីរបញ្ចកោណ។ លោក រីឆាដ ក៍ធ្លាប់ធ្វើជាមន្ត្រីប្រតិបត្តិការនៅទីបញ្ជាការប្រតិបត្តិការពិសេសរួម នៅពេលមន្ទីរបញ្ចកោណ បានផ្តួចផ្តើមគំនិតការវាយប្រហារដែលបានសម្លាប់លោក អូសាម៉ា ប៊ិន ឡាឌិន។ នៅក្នុងតំណែងនោះ លោក រីឆាដ បានដើរតួនាទីគន្លឹះក្នុងបេសកកម្ម ចូលរួមក្នុងផែនការ ហ្វឹកហាត់ និងប្រតិបត្តិនៃការវាយលុក។

ក្រុមមន្ត្រី បានប្រាប់ Wall Street Journal ថាលោកត្រាំ ទំនងជានឹងតែងតាំងមេបញ្ជាការ២រូបផេ្សងទៀត ដើម្បីជំនួសប្រធានទីបញ្ជាការប្រយុទ្ធប្រចាំតំបន់ដែលត្រូវចូលនិវត្តន៍។

លោកឧត្តមសេនីយ តូដ វ៉ូលធើ ត្រូវបានជ្រើសរើសឲ្យដឹកនាំទីបញ្ជាការអាមេរិកប្រចាំអឺរ៉ុប និងអង្គការណាតូ។ (The Hill)