រុស្ស៊ីប្រគល់យន្តហោះប្រយុទ្ធឲ្យប្រទេសស៊ើប៊ី

កងទ័ពអាកាសស៊ើប៊ី បានទទួលយន្តហោះប្រយុទ្ធរុស្ស៊ី MiG-29 ចំនួន២គ្រឿង ជាផ្នែកមួយនៃការទិញអាវុធ ដែលអាចបង្កើនភាពតានតឹងនៅតំបន់ប៉ាល់កង់ ហើយបង្កើនឥទ្ធិពលរបស់ទីក្រុងម៉ូស្គូនៅក្នុងតំបន់។

លោក អាឡេកសាន់ដា វ៉ូស៊ីក ប្រធានាធិបតីស៊ើប៊ី បានចូលរួមក្នុងពិធីប្រគល់យន្តហោះប្រយុទ្ធរុស្ស៊ីនៅថ្ងៃអង្គារ៍នៅអាកាសយានដ្ឋានយោធាជាប់រដ្ឋធានីប៊ែលហ្គ្រាដ ដើម្បីអរគុណលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទិន ចំពោះការជួយធ្វើឲ្យកងកម្លាំងប្រដាប់អាវុធស៊ើប៊ីកាន់តែខ្លាំងថែមទៀត។

កាលពីខែតុលាមុន ប្រទេសស៊ើប៊ី បានទទួលយន្តហោះប្រយុទ្ធ MiG-29 ចំនួន៦គ្រឿង ពីរុស្ស៊ី ដែលក៍បានសន្យាប្រគល់រថក្រោះប្រយុទ្ធចំនួន៣០គ្រឿង និងរថពាសដែកចំនួន៣០គ្រឿង។ ប្រទេសស៊ើប៊ី ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី បានធ្វើសង្គ្រាមជាមួយប្រទេសជិតខាងក្រូអាត និងកូសូវ៉ូ នៅទសវត្សរ៍ឆ្នាំ១៩៩០ក្នុងអំឡុងការបំបែកអតីតយូហ្គោស្លាវីដ៍បង្ហូរឈាម។

ទីក្រុងម៉ូស្គូ បានផ្តល់យន្តហោះប្រើរួមដល់ស៊ើប៊ីដោយមិនគិតថ្លៃ ហើយយន្តហោះប្រយុទ្ធ២គ្រឿងនេះ ដែលបានហោះហើរកាលពីថ្ងៃអង្គារ៍ បានទទួលការរើជួសជុលម៉ាស៊ីនរួច។ ការជួសជុលម៉ាស៊ីនយន្តហោះចំនួន៦គ្រឿងទៀតនឹងមានតម្លៃប្រមាណ២១៣លានដុល្លារអាមេរិក។ (Aljazeera)

,