រុស្ស៊ីគម្រាមសងសឹក បើស៊ុយអែត និងហ្វាំងឡង់ចូលរួមក្នុងអង្គការណាតូ

លោក ហ្សឺហ្គេយ ហ្ស៊ូហ្គូ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថាទំណាក់ទំនងកាន់តែខ្លាំងឡើងរបស់អង្គការណាតូជាមួយប្រទេសស៊ុយអែត និងហ្វាំងឡង់ កំពុងព្រួយបារម្ភ ហើយសកម្មភាពបែបនេះបង្ខំឲ្យប្រទេសរបស់លោកចាត់វិធានការឆ្លើយតប។

លោក ហ្សឺហ្គេយ ហ្ស៊ូហ្គូ បានបញ្ជាក់ថា«សន្ធិសញ្ញាត្រូវបានចុះហត្ថលេខានៅក្នុងខែឧសភា ដែលផ្តល់ឲ្យការចូលរួមពេញលេញរបស់ស៊ុយអែត និងហ្វាំងឡង់ក្នុងការធ្វើសមយុទ្ធរបស់សម្ព័ន្ធភាព និងលទ្ធភាពនៃការប្រើប្រព័ន្ធបញ្ជា និងគ្រប់គ្រងកងទ័ព និងអាវុធ។ ជាថ្នូរ អង្គការណាតូទទួលបានការចូលទៅកាន់ដែនអាកាស និងដែនទឹករបស់ប្រទេសទាំងនេះ។ ជំហានបែបនេះរបស់សហសេវឹកលោកខាងលិចធ្វើការបំផ្លាញប្រព័ន្ធសន្តិសុខពិភពលោកបច្ចុប្បន្ន ហើយបង្កើតការមិនជឿទុកចិត្តគ្នាកាន់ខ្លាំងឡើង ដើម្បីបង្ខំយើងឲ្យចាត់វិធានការឆ្លើយតប។»

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ បន្ទាប់ពីកិច្ចប្រជុំកំពូលអង្គការណាតូក្នុងទីក្រុងប្រូហ្សែលនៅដើមខែនេះ ប្រមុខរដ្ឋរបស់សម្ព័ន្ធភាពអង្គការណាតូ និងរដ្ឋាភិបាលបានជួបប្រជុំគ្នាជាមួយក្រុមមេដឹកនាំស៊ុយអែត និងហ្វាំងឡង់ ដើម្បីពិភាក្សាការប្រឈមសន្តិសុខរួមគ្នា។ លោក ហ្សឺហ្គេយ ហ្ស៊ូហ្គូ បានបញ្ជាក់ថា«និន្នាការនេះបញ្ជាក់យ៉ាងច្បាស់ថាបណ្តាប្រទេសអង្គការណាតូកំពុងព្យាយាមគ្រប់មធ្យោបាយ ដើម្បីរារាំងរុស្ស៊ីមិនឲ្យធ្វើជាអ្នកប្រជែងភូមិសាស្ត្រនយោបាយ ជាពិសេសជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនផ្ទាល់។ (Newsweek)

,