យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 ចំនួន២គ្រឿង ធ្វើសមយុទ្ធនៅសមុទ្រមីឌីទែរ៉ាណេ

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 ចំនួន២គ្រឿង បានធ្វើសមយុទ្ធនៅសមុទ្រមីឌីទែរ៉ាណេ។

សេចក្តីថ្លែងការណ៍ បាននិយាយថាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-160 ចំនួន២គ្រឿង ដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាសអេងជែល បានបំពេញភារកិច្ចដោយជោគជ័យតាមផែនការសមយុទ្ធទ្រង់ទ្រាយធំរបស់កងទ័ពជើងទឹក និងអាកាសរុស្ស៊ីនៅសមុទ្រមីឌីទែរ៉ាណេ។

សេចក្តីថ្លែងការណ៍ បានបន្តថាយន្តហោះនេះបានធ្វើការហោះហើររយៈពេល១០ម៉ោងពីលើដីកម្រិតទាបក្នុងលក្ខខណ្ឌអាកាសធាតុលំបាក ហើយបានធ្វើការក្លែងបាញ់មីស៊ីលលើទីតាំងលើដីដោយជោគជ័យនៅក្នុងតំបន់កំណតទុក។

យន្តហោះប្រយុទ្ធ Su-30 និង Su-33 ដែលបានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅស៊ីរី បានហោះអមការពារយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។

សេចក្តីថ្លែងការណ៍ បាននិយាយថាការហោះហើររបស់យន្តហោះត្រូវបានធ្វើឡើងយ៉ាងមធ្យ័តស្របតាមច្បាប់អន្តរជាតិសម្រាប់ការប្រើដែនអាកាសដោយគ្មានរំលោភព្រំដែនរបស់ប្រទេសដទៃ។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ពីដំបូងថាកងទ័ពជើងទឹក និងអាកាសរុស្ស៊ី នឹងកំពុងធ្វើការសមយុទ្ធហ្វឹកហាត់ទ្រង់ទ្រាយធំរួមគ្នានៅសមុទ្រមីឌីទែរ៉ាណេនៅថ្ងៃទី១-៨ ខែកញ្ញា។ (Sputnik)