មន្ទីរបញ្ចកោណ ៖ ក្រុមសម្ព័ន្ធមិត្តអាមេរិកនៅតែអាចការពារបាន ទោះបីបញ្ឈប់សមយុទ្ធជាមួយកូរ៉េខាងត្បូង

លោក គ្រីស្តូហ្វើ ឡូហ្គេន អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថាក្រុមសម្ព័ន្ធមិត្តអាមេរិកនៅអាស៊ី-ប៉ាស៊ីហ្វីក នៅតែមិនប្រែប្រួល ទោះបីជាការសម្រេចចិត្តរបស់អាមេរិកបញ្ឈប់សមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង។

លោក ឡូហ្គេន បានបញ្ជាក់ថា«សម្ព័ន្ធមិត្តរបស់យើងនៅតែអាចការពារបាន ហើយធានាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។ លទ្ធផលជំនួបកំពូលប្រធានាធិបតី គឺជាជំហានដំបូងតាមមាគ៌ាឆ្ពោះទៅរកគោលដៅ ៖ ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្មោះត្រង់ និងមិនអាចប្រែក្រឡាស់បាននៅឧបទ្វីបកូរ៉េ។»

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនៅសឹង្ហបូរី លោកប្រធានាធិបតី ដូណល ត្រាំ បាននិយាយថាវាមិនសមរម្យធ្វើល្បែងសង្គ្រាម នៅពេលកំពុងព្យាយាមចរចាកិច្ចព្រមព្រៀងសន្តិភាព។ លោកត្រាំ បានបន្ថែមថាលុបចោលសមយុទ្ធយោធារួមនឹងសន្សំប្រាក់ និងត្រូវបានកោតសរសើរដោយលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង។

លោក ប៉ាទ្រីក លៀហាយ និងលោក ជេន ហ្សាហ៊ីន សមាជិកព្រឹទ្ធសភាអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថាការសម្រេចចិត្តរបស់លោកត្រាំបញ្ឈប់សមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងដោយគ្មានទទួលបានការប្តេជ្ញាស្មោះត្រង់ពីកូរ៉េខាងជើង កំពុងបង្កគ្រោះថ្នាក់។ (Sputnik)

, ,