បារាំងត្រៀមខ្លួនវាយប្រហារស៊ីរី បើអាវុធគីមីប្រើក្នុងអំឡុងវាយលុកខេត្តអ៊ីដលីប

មេបញ្ជាការយោធាកំពូលបារាំង បាននិយាយថាទីក្រុងប៉ារីសត្រៀមខ្លួនទម្លាក់គ្រាប់បែកលើប្រទេសស៊ីរី បើអាវុធគីមីត្រូវបានប្រើក្នុងអំឡុងការវាយដណ្តើមកាន់កាប់ខេត្តអ៊ីដលីបរបស់កងទ័ពរដ្ឋាភិបាលស៊ីរី។ រឿងនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីរុស្ស៊ីបានព្រមានអាមេរិកអំពីការវាយប្រហារអាវុធគីមីក្លែងក្លាយ។

លោក ហ្វ្រងស៊ីស ឡេកុងត្រេ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធបារាំង បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា«យើងត្រៀមខ្លួនវាយប្រហារ បើអាវុធគីមីត្រូវបានគេប្រើម្តងទៀត»។

ការគម្រាមនេះកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោក អាណាតូលី អេនតូណូវ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក បានព្រមានក្រុមមន្ត្រីការទូតជាន់ខ្ពស់ក្នុងទីក្រុងវ៉ាស៊ីងតុនថាពួកជីវពលនៅអ៊ីដលីបកំពុងរៀបចំផែនការវាយប្រហារអាវុធគីមីក្លែងក្លាយ ដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាលស៊ីរីរបស់លោក បាសា អាល់ អាសាដ នៅពេលកងទ័ពរបស់លោកត្រៀមខ្លួនធ្វើការវាយលុកដណ្តើមកាន់កាប់ខេត្តអ៊ីដលីប។

លោកប្រធានាធិបតី ដូណល ត្រាំ បានព្រមានលោក អាសាដ អំពីការវាយលុកនៅអ៊ីដលីបកាលពីថ្ងៃច័ន្ទថាកងកម្លាំងរបស់លោក អាសាដ មិនត្រូវវាយប្រហារខេត្តអ៊ីដលីបដោយធ្វេសប្រហែសទេ។ អាមេរិកបាននិយាយពីដំបូងថាខ្លួននឹងសងសឹកប្រឆាំងការវាយប្រហារអាវុធគីមីរបសើកងទ័ពស៊ីរី។ (RT)

 

,