នាវាចម្បាំងជប៉ុនដ៍ធំបំផុតហ្វឹកហាត់ជាមួយក្រុមនាវាវាយប្រហារអាមេរិកក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង

នាវាផ្ទុកឧទ្ធម្ភាគចក្រថ្មីបំផុតរបស់ជប៉ុន Kaga បានហ្វឹកហាត់ជាមួយក្រុមនាវាអមនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan ដើម្បីបង្ហាញថាកម្លាំងយោធារបស់ខ្លួនក្នុងអំឡុងដំណើរទស្សនកិច្ចនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងចំពេលភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូគាំទ្រដោយអាមេរិក។

លោកឧត្តមនាវីឯកអាមេរិក ខាល ថូម៉ាស់ បានពន្យល់ថាកងនាវាអាមេរិក និងជប៉ុន បានហ្វឹកហាត់បើកតាមរបៀបក្បួនទ័ព និងសមយុទ្ធរួមគ្នានៅថ្ងៃសុក្រ។ នាវាទាំងអស់ក៍បានហ្វឹកហាត់ក្នុងការបំពេញតាមនីតិវិធីសមុទ្រ។ សមយុទ្ធនេះបានបង្ហាញរបៀបគ្មានថ្នេរភ្ជាប់ដែលកងនាវាសម្ព័ន្ធមិត្តអាចប្រតិបត្តការ។

លោក ថូម៉ាស់ ដែលដឹកនាំក្រុមការងារ៧០មានមូលដ្ឋាននៅជប៉ុន បានបញ្ជាក់ថាសមយុទ្ធរួមគ្នានេះ បានជួយដល់លទ្ធភាពអន្តរប្រតិបត្តិការបន្ថែមទៀងដែលក្រុមសម្ព័ន្ធមិត្តបានបង្កើតឡើងអស់រយៈពេលជាច្រើនឆ្នាំ។

កងនាវាជប៉ុនត្រូវបានដឹកនាំដោយនាវាផ្ទុកឧទ្ធម្ភាគចក្រថ្មីបំផុត និងធំបំផុតរបស់ប្រទេសជប៉ុន ដែលបានចូលរួមសមយុទ្ធកងនាវានេះ។ នាវាទម្ងាន់២៧០០០តោន ដែលមានសមត្ថភាពផ្ទុកឧទ្ធម្ភាគចក្រធំចំនួន១៤គ្រឿង បានចតនៅកំពង់ផែអាឡាវ៉ា វ៉ាហ្វ របស់ប្រទេសហ្វីលីពិននៅថ្ងៃសៅរ៍ជាមួយក្រុមនាវាវាយប្រហារចំនួន២គ្រឿង។

លោកឧត្តមនាវីឯកជប៉ុន តាហ្ស៊ូយ៉ា ហ្វូគូដា បាននិយាយថាដំណើរទស្សនកិច្ច២ខែរបស់កងនាវាជប៉ុននៅតំបន់យុទ្ធសាស្ត្រអាស៊ី-ប៉ាស៊ីហ្វីក បានឈប់ចតនៅហ្វីលីពិនដំបូងគេ។ កងនាវានេះបានគ្រោងទៅទស្សនកិច្ចនៅឥណ្ឌូណេស៊ី សឹង្ហបូរី ឥណ្ឌា ស្រ៊ី ឡាំងការ។ ការដាក់ពង្រាយកងនាវាជប៉ុននេះ​មានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកងនាវារបស់ដៃគូ ដើម្បីរួមវិភាគទានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់។ (RT)

,