ទួរគីអាមេរិកព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការនៅទីក្រុងម៉ាន់ប៊ីជរបស់ប្រទេសស៊ីរី

ទូរគី និងអាមេរិក បានធ្វើការចរចានៅក្នុងទីក្រុងអង់ហ្គារ៉ា ជាផ្នែកមួយនៃក្រុមការងារ ដែលបានបង្កើតឡើងដោះស្រាយជម្លោះរវាងប្រទេសទាំងពីរអំពីវត្តមានពួកជីវពលឃឺដនៅក្នុងទីក្រុងម៉ាន់ប៊ីជរបស់ប្រទេសស៊ីរី។

ការមិនព្រមព្រៀងគ្នាជាច្រើនខែរវាងទួរគី និងអាមេរិក បានឈានដល់ការយោគយល់គ្នាចំពោះផែនទីបង្ហាញផ្លូវ ដើម្បីសហប្រតិបត្តិការសន្តិសុខនៅទីក្រុងម៉ាន់ប៊ីជ។

សេចក្តីថ្លែងការណ៍រួម បាននិយាយថាភាគីទាំងពីរបានបញ្ជាក់វណ្ឌវង្គផែនទីបង្ហាញផ្លូវដ៍សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមរបស់ខ្លួននៅក្នុងការធានាសន្តិសុខ និងស្ថេរភាពនៅក្នុងទីក្រុងម៉ាន់ប៊ីជ។

សេចក្តីថ្លែងការណ៍ បាននិយាយថាលោក មេវលូត កាវ៉ូសូលូ រដ្ឋមន្ត្រីការបរទេសទួរគី និងលោក ម៉ាយ ផូមភីអូ រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងពិចារណាអនុសាសន៍របស់ក្រុមការងារក្នុងអំឡុងកិច្ចប្រជុំនៅថ្ងៃទី៤ ខែមិថុនា។

ក្រុមការងារនេះបានបង្កើតឡើងនៅក្នុងខែមីនា។ ឥឡូវនេះ ទីក្រុងម៉ាន់ប៊ីជត្រូវបានគ្រប់គ្រងដោយពួកជីវពលឃឺដគាំទ្រដោយអាមេរិក YPG ដែលទួរគីបានចាត់ទុកថាជាអង្គការភេរវកម្ម។ (Sputnik)