ទីក្រុងសេអ៊ូលស្នើទីក្រុងព្យូងយ៉ាងដកកាំភ្លើងធំចេញពីព្រំដែន

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងត្បូង Yonhap បានរាយការណ៍នៅថ្ងៃអាទិត្យថាកូរ៉េខាងត្បូងបានស្នើកូរ៉េខាងជើងឲ្យដកកាំភ្លើងធំបាញ់រយៈចម្ងាយឆ្ងាយចេញពីព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីបន្ធូរបន្ថយភាពតានតឹង។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់ប្រភពរដ្ឋាភិបាលថាប្រទេសទាំងពីរបានធ្វើការចរចារវាងក្រុមមន្ត្រីយោធាជាន់ខ្ពស់ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងបានសម្រេចកាលពីថ្ងៃទី២៧ ខែមេសា រវាងមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ក្នុងជំនួប កូរ៉េខាងត្បូងបានធ្វើសំណើមួយចំនួន រួមមានការតាំងកាំភ្លើងធំកូរ៉េខាងជើងនៅទីតាំងចម្ងាយ៤០គីឡូម៉ែត្រពីខែ្សបន្ទាត់បែងចែកប្រទេសកូរ៉េទាំងពីរ។

ស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងមានភាពល្អប្រសើរក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងលោក មូន ចាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបគ្នាជាលើកដំបូងកាលពីថ្ងៃទី២៧ ខែមេសា។

ក្នុងជំនួប ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីសន្តិភាព វិបុលភាព និងការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ។ ឯកសារបានសន្យាប្រទេសទាំងពីរឆ្ពោះទៅរកឧបទ្វីបគ្មានអាវុធនុយក្លេអ៊ែរ ហើយចរចានាំទៅរកការបញ្ចប់ជាផ្លូវការចំពោះសង្គ្រាមកូរ៉េ។ (Sputnik)

,