កូរ៉េខាងជើងរិៈគន់អាមេរិកចំពោះកង្វះសុភាវធម៌មូលដ្ឋានក្នុងការចរចាអាវុធនុយក្លេអ៊ែរ

កូរ៉េខាងជើងបានរិៈគន់រដ្ឋាភិបាលអាមេរិកខ្លាំងៗនៅថ្ងៃសុក្រនេះចំពោះការទទូចឲ្យទីក្រុងព្យូងយ៉ាងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ដោយបញ្ជាក់ថាក្រុមមន្ត្រីរដ្ឋបាលលោកត្រាំ កំពុងប្រឆាំងលោកប្រធានាធិបតី ដូណល ត្រាំ ដោយរិៈគន់កូរ៉េខាងជើង។

រដ្ឋាភិបាលកូរ៉េខាងជើង បាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមរយៈបេសកកម្មរបស់ខ្លួនប្រចាំអង្គការសហប្រជាជាតិថាកូរ៉េខាងជើងបានផ្អាកការសាកល្បងអាវុធមីស៊ីលនុយក្លេអ៊ែរ បានរំលាយទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ និងបានចាប់ផ្តើមប្រគល់ឆ្អឹងសពទាហានអាមេរិកស្លាប់ក្នុងសង្គ្រាមកូរ៉េ ប៉ុន្តែបានទួញសោកការរិៈគន់បន្តពីក្រុមមន្ត្រីអាមេរិក។

សេចក្តីថ្លែងការណ៍ បាននិយាយថា«យើងសង្ឃឹមថាវិធានការបំណងល្អទាំងនេះ នឹងរួមវិភាគទានដល់ការបំបាត់រនាំងមិនជឿទុកចិត្តគ្នារវាងកូរ៉េខាងជើង និងអាមេរិក ហើយបង្កើតការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទោះបីជា អាមេរិកបានឆ្លើយតបទៅនឹងការរង់ចាំដោយសង្ឃឹមរបស់យើងដោយញុះញ៉ង់ការដាក់ទណ្ឌកម្ម និងការគាបសង្កត់អន្តរជាតិប្រឆាំងកូរ៉េខាងជើង។»

លោកត្រាំបានសាទរទង្វើរបស់កូរ៉េខាងជើង តាំងពីកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្ររបស់លោកជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងក្នុងប្រទេសសឹង្ហបូរីនៅខែមិថុនា ដែលអាមេរិកបានយល់ព្រមផ្តល់ការធានាសន្តិសុខមិនជាក់លាក់ ជាថ្នូរចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

ទោះបីជាយ៉ាងនេះ លោក ចន បូលតុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយនៅសប្តាហ៍នេះថាកូរ៉េខាងជើងមិនបានធ្វើការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ហើយថាអាមេរិកនឹងមិនលើកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងកូរ៉េខាងជើង រហូតដល់ពេលកូរ៉េខាងជើងបោះជំហ៊ានបន្ថែមទៀតឆ្ពោះទៅរកការបញ្ចប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ (The Hill)

,