កូរ៉េខាងជើងបំផ្លាញទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ Punggye-ri

 

វីដេអូលើកដំបូងនៃការកម្ទេចចោលទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរនៅ Punggye-ri បង្ហាញផ្លូវរូងក្រោមដីនៅជើងភ្នំត្រូវបានកប់នៅក្នុងគំនរបាក់បែក។ ទីតាំងនេះត្រូវបានបំផ្លាញមុនកិច្ចប្រជុំកំពូលនៅប្រទេសសឹង្ហបូរីនាថ្ងៃទី១២ ខែមិថុនា តែឥឡូវនេះបានលុបចោលដោយលោកប្រធានាធិបតី ដូណល ត្រាំ។

ផ្លូវរូងក្រោមដីសម្រាប់ប្រតិបត្តិការចំនួន៣កន្លែងនៅទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរ ត្រូវបានកម្ទេចចោលជាមួយរចនាសម្ព័ន្ធ យោងតាមលោក អ៊ីហ្គ័រ ដាណូវ អ្នកឆ្លើយឆ្លងព័ត៌មានរដ្ឋរុស្ស៊ី RT បានអញ្ចើញឲ្យទៅធ្វើជាសាក្សីចំពោះព្រឹត្តិការណ៍នេះ។

កូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរចំនួន៦លើកនៅទីតាំង Punggye-ri។ ការកម្ទេចចោលនេះបានបង្ហាញការប្តេជ្ញាចុត្តរបស់ទីក្រុងព្យូងយ៉ាងចំពោះការគ្មានអាវុធនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចប្រជុំកំពូលខែមេសា រវាងលោក គឹម ជុងអ៊ុន និងលោក មូន ចាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងតំបន់គ្មានកងទ័ពបែងចែកឧបទ្វីបកូរ៉េ។ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការកម្ទេចចោលទីតាំង Punggye-ri លោកប្រធានាធិបតី ដូណល ត្រាំ បានលុបចោលកិច្ចប្រជុំកំពូលជាមួយលោក គឹម ជុងអ៊ុន បានគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ក្នុងប្រទេសសឹង្ហបូរី បន្ទាប់ពីកំហឹងដ៍ធំសម្បើម និងការបង្កសង្គ្រាមបើកចំហនៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗរបស់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង។ (RT)