ការនាំចេញអាវុធអង់គ្លេស ទៅកាន់អ៊ីស្រាអែល ឈានដល់កម្រិតកំពូល

តួលេខថ្មី លាតត្រដាងថាក្រុមហ៊ុនផលិតអាវុធអង់គ្លេស កំពុងលក់អាវុធចំនួនយ៉ាងច្រើន ដល់អ៊ីស្រាអែល តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអង់គ្លេស បានបញ្ជាក់ថាព្រះអង្គម្ចាស់ វីលៀម នឹងតំណាងរដ្ឋាភិបាលអង់គ្លេស ទៅធ្វើព្រះរាជទស្សនកិច្ចនៅអ៊ីស្រាអែលនៅខែមិថុនាខាងមុខនេះ។

តួលេខស្រង់ចេញពីយុទ្ធនាការប្រឆាំងពាណិជ្ជកម្មអាវុធ បង្ហាញថាកាលពីឆ្នាំមុន អង់គ្លេស បានចេញអាជ្ញាប័ណ្ណលក់អាវុធតម្លៃ២២១លានអឺរ៉ូ ដល់ក្រុមហ៊ុនផលិតអាវុធការពារជាតិ ដើម្បីនាំចេញទៅអ៊ីស្រាអែល។ រឿងនេះបានធ្វើឲ្យអ៊ីស្រាអែលជាទីផ្សារដ៍ធំទី៨សម្រាប់ក្រុមហ៊ុនលក់អាវុធអង់គ្លេស។ នៅឆ្នាំ២០១៥ អង់គ្លេសបានលក់អាវុធតម្លៃ២០លានអឺរ៉ូ ឲ្យអ៊ីស្រាអែល។ សរុប ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ អ៊ីស្រាអែលបានទិញអាវុធយុទ្ធភ័ណ្ឌអង់គ្លេសតម្លៃជាង៣៥០លានអឺរ៉ូ។

អាជ្ញាប័ណ្ណបានចេញឲ្យក្រុមហ៊ុនផលិតគ្រឿងឧបករណ៍ការពារជាតិអង់គ្លេសជាច្រើន នាំចេញទៅអ៊ីស្រាអែលកាលពីឆ្នាំមុន រួមមានឧបករណ៍កំណត់គៅលដៅ គ្រាប់កាំភ្លើងធុនតូច មីស៊ីល ប្រដាប់ឆ្លុះមើលឃើញបំពាក់លើអាវុធ និងកាំភ្លើងបាញ់ហ្ស៊ីប។ នៅឆ្នាំ២០១៦ អង់គ្លេសបានចេញអាជ្ញាប័ណ្ណសម្រាប់នាំចេញគ្រាប់ប្រឆាំងរថពាសដែក ប្រដាប់ដាក់កាំភ្លើង សមាសភាពសម្រាប់មីស៊ីលបាញ់ពីអាកាស ទៅអាកាស ឧបករណ៍កំណត់គោដៅ សមាសភាពសម្រាប់កាំភ្លើងវាយប្រហារ សមាសភាពសម្រាប់ឧបករណ៍បាញ់គ្រាប់ហ្គ្រីណាដ និងខែលការពារប្រឆាំងកុប្បកម្ម។ (The Guardian)