កងនាវាចម្បាំងចិនឈានដល់សមត្ថភាពប្រយុទ្ធដំបូង

ចិនបានប្រកាសថាកងនាវាចម្បាំងដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដំបូងរបស់ចិន បានឈានដល់សមត្ថភាពប្រយុទ្ធជាប្រព័ន្ធលើកដំបូង មួយសប្តាហ៍ បន្ទាប់ពីមន្ទីរបញ្ចកោណមិនបានអញ្ចើញចិនឲ្យចូលរួមសមយុទ្ធយោធា ដោយសារយោធូនីយកម្មនៅតំបន់សមុទ្រចិនខាងត្បូង។

នាវាផ្ទុកយន្តហោះចម្បាំង Liaoning គឺជានាវាផ្ទុកយន្តហោះចម្បាំងសម័យសូវៀតទិញពីអ៊ុយក្រែន ដែលបានចូលបម្រើកងទ័ពជើងទឹកចិនរយៈពេល៨ឆ្នាំ។

នាវាផ្ទុកយន្តហោះចម្បាំងនេះគឺជាការបង្ហាញកម្លាំងសាច់ដុំយោធាចុងក្រោយបង្អស់របស់ចិន ដែលបានបដិសេធការអង្វរកររបស់អាមេរិកឲ្យចាកចេញពីប្រជុំកោះជម្លោះនៅសមុទ្រចិនខាងត្បូង។

លោក រ៉េន គូជៀង អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រាប់ទូរទស្សន៍រដ្ឋថាតាំងពីនាវា Liaoning បានចូលបម្រើកងទ័ពជើងទឹកនៅឆ្នាំ២០១២ វាបានឆ្លងកាត់សមយុទ្ធជាច្រើន ដែលបានសាកល្បងបង្កើត និងថែរក្សាប្រព័ន្ធការពារ និងវាយប្រហារ។

នាវា Liaoning នេះមានសមត្ថភាពផ្ទុកយន្តហោះប្រភេទផ្សេងៗ រួមមានយន្តហោះប្រយុទ្ធ J-15 ព្រមទាំងឧទ្ធម្ភាគចក្រស៊ើបការណ៍ និងប្រឆាំងនាវាមុជទឹក ហើយបានផ្ទុកប្រព័ន្ធមីស៊ីលការពារដែនអាកាស និងមីស៊ីលប្រឆាំងគ្រាប់បាញ់បុក។ (CNN)