កងទ័ពអ៊ីរ៉ង់២០០០នាក់ បោះទីតាំងនៅស៊ីរី

ទីភ្នាក់ងារសម្ងាត់អ៊ីស្រាអែល បាននិយាយថាកងទ័ពអ៊ីរ៉ង់ប្រមាណ២០០០នាក់ កំពុងស្ថិតនៅក្នុងប្រទេសស៊ីរី ព្រមទាំងជីវពលស៊ីអ៊ីតពីប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងអ៊ីរ៉ាក់ប្រមាណ៩០០០នាក់ និងអ្នកប្រយុទ្ធហេសប៊ូឡាប្រមាណ៧០០០នាក់។ អ៊ីស្រាអែល ជឿថាឥឡូវនេះ កងទ័ពអាមេរិកកំពុងស្ថិតនៅក្នុងទីតាំងល្អ ដើម្បីសម្រេចបាននូវការរៀបចំកាន់តែមានប្រសិទ្ធភាពនៅស៊ីរី ក្នុងការសម្របសម្រួលជាមួយរុស្ស៊ីក្រោមពាក្យស្លោក ៖ «គ្មានអ៊ីរ៉ង់ និងគ្មានពួកភេរវករ ISIS»។

វត្តមានយោធាអ៊ីរ៉ង់នៅស៊ីរី កំពុងបង្កជម្លោះជាមួយអ៊ីស្រាអែល។ នៅក្នុងខែកុម្ភះ និងឧសភា ក្នុងភាពតានតឹងចុងក្រោយរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល កងទ័ពអាកាសអ៊ីស្រាអែលបានបំផ្លាញប្រព័ន្ធការពារដែនអាកាសស៊ីរីមួយចំនួន បន្ទាប់ពីកងទ័ពស៊ីរីបានបាញ់ចំយន្តហោះប្រយុទ្ធអ៊ីស្រាអែល។ យោងតាមការប៉ាន់ស្មានផេ្សងៗ ប្រព័ន្ធការពារដែនអាកាសស៊ីរីពាក់កណ្តាល មិនអាចដំណើរការបាន។(Haaretz)

,