កងទ័ពស៊ីរីរកឃើញមីស៊ីលប្រឆាំងរថក្រោះអាមេរិកនៅតំបន់ខាងត្បូងប្រទេស

វិស្វករយោធាជំនាញខាងជីករំលំគ្រឹះស៊ីរីធ្វើការនៅទីក្រុងហ្គារ៉ាសក្នុងខេត្តដារ៉ាខាងត្បូងប្រទេសស៊ីរី បានរកឃើញទីតាំងស្តុកប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះ TOW ផលិតនៅអាមេរិក​។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA មីស៊ីលប្រឆាំងរថក្រោះ TOW ត្រូវបានរកឃើញនៅក្នុងតំបន់រំដោះថ្មីៗនេះជាមួយគ្រាប់កាំភ្លើងត្បាល់ និងគ្រាប់ផ្លោងផ្សេងៗ គ្រឿងបំផ្ទុះ និងប្រព័ន្ធទំនាក់ទំនង និងវ៉ែនតាមើលឃើញពេលយប់ ព្រមទាំងឧបករណ៍ដទៃទៀតផលិតនៅតាមបណ្តាប្រទេសលោកខាងលិច។ រថក្រោះ T-55 ទំនងជារឹបអូសបានពីកងទ័ពស៊ីរីកាលពីដំបូង ក៍ត្រូវបានរកឃើញ។

កងទ័ពស៊ីរីបានរំដោះទីក្រុងហ្គារ៉ាសទាំងស្រុងនៅថ្ងៃអង្គារ៍នេះ ដោយរំដោះតំបន់ជុំវិញ និងពន្ធនាគារដ៍ធំ បន្ទាប់ពីការប្រយុទ្ធគ្នា ដែលទីភ្នាក់ងារសារព័ត៌មាន SANA បានពិពណ៌នាថាជាការវាយប្រយុទ្ធគ្នាសាហាវបំផុត។ កងជីវពលមួយចំនួនត្រូវបានសម្លាប់ ឬ របួស ហើយនៅសេសសល់បានរត់គេចទៅកាន់តំបន់ជិតខាង។

កងទ័ពស៊ីរីកំពុងបន្តការវាយលុករបស់ខ្លួន ដើម្បីលុបបំបាត់ទីតាំងចុងក្រោយរបស់ពួកអ្នកតស៊ូនៅក្នុងខេត្តដារ៉ា ដោយបានចាប់ផ្តើមប្រតិបត្តិការនៅដើមឆ្នាំនេះ បន្ទាប់ពីពួកជីវពលក្នុងតំបន់បានបាញ់ផ្លោងដាក់ទីក្រុងនានាគ្រប់គ្រងដោយរដ្ឋាភិបាល។ (Sputnik)

,